រឿង ចៅ​ធុង ចៅ​សាញ់ ភាគ១

រឿង ចៅ​ធុង ចៅ​សាញ់

បពិត្រ​អញ​ខ្ញុំ ហត្ថា​បង្គំ ប្រណម្យ​វន្ទា សូម​មាន​តេជះ ដូច​ព្រះ​រាមា សូម​មាន​ប្រាជ្ញា ដូច​ព្រះ​មហោសថ ។ ខ្ញុំ​ថ្វាយ​បង្គំ ព្រះពុទ្ធ​ឧត្ដម ប្រាជ្ញា​មោះ​មុត តែង​នាំ​សត្វ​ផង ឆ្លាស់​ឆ្លង​សមុទ្រ សង្សារ​ចំហុត ដាក់​ដល់​សួគ៌ា ។ ព្រះ​អង្គ​ត្រាស់​ត្រេច សាង​សម្ភារ​ស្រេច ផ្ដាច់​សង្សារា លើស​លែង​ត្រៃ​ភព សាយ​សព្វ​ទិសា ព្រះ​អង្គ​ផ្ចាញ់​មារ ដល់​និព្វាន​ហោង ។ បង្គំ​ព្រះ​ពុទ្ធ បារមី​ពិសុទ្ធ ពិសេស​ឥត​ហ្មង ពន្លឺ​រស្មី ភ្លឺ​ក្រៃ​កន្លង ដល់​សួគ៌​នាយ​ហោង ភ្លឺ​ផ្លេក​សព្វ​ស្ថាន ។ បង្គំ​ព្រះធម៌ ពិត​សេស​មាន​អាថ៌ ជ្រៅ​ពន់​ប្រមាណ អាច​តែង​ត្រង​រង សត្វ​ផង​សព្វ​ស្ថាន ជា​ខ្លឹម​ប្រធាន ត្រីពិធ​សម្បត្តិ ។ បង្គំ​ព្រះ​សង្ឃ ប្រសើរ​សឹង​ទ្រង់ សីល​សុទ្ធ​មធ្យ័ត ជា​ស្រូវ​ស្រែ​បុណ្យ មាន​គុណ​គាប់​ក្ដាត់ តាម​ផ្លូវ​ប្រតិបត្តិ ព្រះ​សង្ឃ​ទាំង​ឡាយ ។ លោក​ខំ​សង្វាត យក​បិណ្ឌ​បាត ប្រោស​សត្វ​សម្ជាយ ឲ្យ​អស់​ទុក្ខ​ភ័យ ទោសពៃរ៍​ក្នុង​កាយ សត្វ​ផង​ទាំង​ឡាយ តាម​សទ្ធា​ហោង ។ នេះ​នឹង​ស្រដី បុរស​ប្រុស​ស្រី ពីរ​នាក់​ជា​ម្ដង ប្ដី​និង​ប្រពន្ធ ឲ្យ​ធន​ធាន​ផង ឥត​ញាតិ​សោត​ហោង ឥត​ផៅ​សន្តាន ។ រក​ស៊ី​នៅ​នា ក្នុង​ព្រៃ​ព្រឹក្សា យូរ​ទៅ​ទើប​បាន កាប់​ឈើ​រើ​ព្រៃ នៅ​ព្រៃ​ស្មសាន បន្តិច​ទើប​បាន ចម្ការ​មួយ​ហោង ។ នោះ​ឯង​ធំ​ក្រៃ ប្រមាណ​នោះ​នៃ ប្រាំ​សិន​ជា​ម្ដង ជា​អ្នក​កម្សត់ ទុគ៌ត​កន្លង ទាំង​ពីរ​នាក់​ហោង ត្រេក​អរ​ពេក​ក្រៃ ។ លុះ​ដាំ​ស្រូវ​ទៅ ក្នុង​ចម្ការ​កូវ ស្រូវ​នោះ​ប្រពៃ នឹក​ថា​ស្រូវ​អញ នេះ​ពេញ​ល្អ​ក្រៃ គុម្ព​ធំ​ណាស់​នៃ លើស​ស្រូវ​អ្នក​ផង ។ ជា​យូរ​លង់​ទៅ រីឯ​ដើម​ស្រូវ នោះ​កូវ​សោត​ហោង ល្អ ៗ ក្រៃ​លែង កួរ​វែង​កន្លង ដាក់​គួរ​ល្គាយ​ល្គង ទន់ ៗ តាម​គ្នា ។ ល្អ​ល្អះ​ប្រពៃ រី​ស្រូវ​នោះ​នៃ ទុំ​ពេញ​ចម្ការ រន្ទាល​ច្រាល​ឆ្អៅ ផ្លែ​ស្រូវ​នោះ​ណា៎ ពាស​ពេញ​ចម្ការ បរិបូណ៌​ជា​ត្រើយ យក​ស្រូវ​មក​ហើយ ដាក់​លើ​ផ្ទះ​ហោង ។ លុះ​ដល់​រដូវ នាំ​គ្នា​យក​ស្រូវ ទៅ​ដាំ​ទៀត​ផ្គង ដូច​កាល​សព្វ​គ្រា ពី​ដើម​នោះ​ផង ស្រូវ​នោះ​ឯង​ហោង ល្អ​ដូច​ដើម​នៃ ។ យូរ​លង់​ទៅ​ណា បាន​ភោជ្យផលា រឹត​តែ​ច្រើន​ក្រៃ ពេញ​បរិបូណ៌​ណាស់ ឥត​ខ្វះ​ឡើយ​នៃ ត្រេក​អរ​ពេក​ក្រៃ ធ្វើ​ជង្រុក​ឯង ។ មួយ​នោះ​ធំ​ក្រៃ​ ហើយ​វែង​ផង​នៃ ប្រាកដ​ជាក់​ស្ដែង ធេង​ធំ​ទូលាយ ខ្ពស់​ក្រៃ​គួរ​ស្ញែង ជង្រុក​ប្រាំ ល្វែង​ឥត​ក្រែង​អ្នក​ផង ជា​យូរ​ទៅ​ណា​នាង​មាន​កូន​ង៉ា មួយ​ល្អ​កន្លង ឲ្យ​ឈ្មោះ​អាសាញ់ ធំ​ពេញ​ចិត្ត​ហោង ស៊ី​បាយ​ច្រើន​ដង មួយ​ឆ្នាំង​មួយ​ថ្ងៃ ។ លុះ​ដល់​គម្រប់​ប្រាំ​មួយ​ដណ្ដប់ ឆ្នាំ​ហើយ​សោត​នៃ​បរិភោគ​អាហារ​កាន់​តែ​ច្រើន​ក្រៃ នា​ក្នុង​មួយ​ថ្ងៃ បី​ថាំង​អង្ករ ។ រី​ម្ដាយ​ឪពុក ចេះ​តែ​កើត​ទុក្ខ ភ័យ​តែ​ពីរ​ក្រ រី​ស្រូវ​ក្នុង​ស្រែ​កាន់​តែ​មិន​ល្អ ភ័យ​តែ​ពីរ​ក្រ ធ្វើ​ស្រូវ​​មិន​ទាន់​ទើប​មក​គិត​គ្នា បើ​ខំ​ទុក​វា ឃើញ​ថា​មិន​គ្រាន់ ពី​ដើម​យើង​មាន​ ឥឡូវ​យើង​កាន់ តែ​ថយ​ជាក់​ស្បាន់ សម្បត្តិ​ហិន​ក្រ ។ រី​ស្រូវ​ចម្ការ យូរ​ឆ្នាំ​ហើយ​ណា កាន់​តែ​មិន​ល្អ ទុក​វា​ធ្វើ​អ្វី នាំ​ឲ្យ​តែ​ក្រ សម្លាប់​ឲ្យ​មរណ អា​ចោរ​ចង្រៃ ។

បទ​ព្រហ្មគីតិ

ឪពុក​ហៅ​កូន​ហើយ អាសាញ់​អើយ​មក​ឲ្យ​ឆាប់ ! ត្បិត​អញ​ចង់​ទៅ​គាប់ ឈើ​ព្រៃ​ភ្នំ​នោះ​ណា៎ ។ អាសាញ់​បាន​ឮ​ហើយ ដើរ​ព្រងើយ​ប្រាប់​ឈើ​ផង ។ ថា​ម៉ែ​ដាំ​បាយ​រ៉ា ដាំ​បាយ​ឆាប់​ពេក​កន្លង ខ្ចប់​ឲ្យ​អាសាញ់​ហោង ហើយ​អាសាញ់​ស្ដាយ​ដើរ​វៃ ។ ឪពុក​ថា​អាសាញ់ ខំ​ដើរ​ខ្មាញ់​អា​ចង្រៃ ហើយ​ក្រែង​មិន​ទាន់​ថ្លៃ នឹង​វិល​វឹង​មិន​ទាន់​ហោង ។ លុះ​ចរ​យាត្រា​ទៅ ដល់​ព្រៃ​ជ្រៅ​ដុងដែន​ដង ឃើញ​ឈើ​មួយ​ធំ​ផង ធំ​ចំនួន​បី​ឱប​តឹង ។ អាសាញ់​ព្យួរ​បាយ​ហើយ ឈរ​ព្រងើយ​ធ្វើ​មិន​ដឹង ឪពុក​ប្រឹង​សម្លឹង ធ្វើ​ទ្រមឹង​ទ្រមក់​នៅ ។ ឪពុក​ហៅ​ថា​នៃ អា​កុំ​ប្រែ​ឈរ​សៅ​ដៅ អញ​កាប់​ឈើ​នឹង​ទៅ ចាំ​ទទួល​វើយ​ខំ​ប្រឹង។ ឪពុក​ប្រឹង​តែ​កាប់ ប្រុង​សម្លាប់​អាសាញ់​ហ្នឹង អាសាញ់​ឈរ​សម្លឹង ស្ទុះ​ទៅ​ទ្រ​ឈើ​នោះ​ណា៎ ។ ឪពុក​ស្រែក​ថា​វ៉ី ខំ​ឃ្មាតខ្មី​ណា៎​អា​វ៉ា ឈើ​នេះ​ធ្វើ​ទូក​ក្ដារ កុំ​ឲ្យ​បែក​បាក់​ឡើយ​វ៉ី ។ ឯ​ឈើ​បាក់​សង្កត់ អាសាញ់​ស្រុត​លិច​ក្នុង​ដី ឪពុក​ស្រែក​ថា​ថ្វី ម្ដេច​ក៏​លិច​បាត់​ទៅ​ហើយ ។ គិត​ស្រេច​ហើយ​យាត្រា ដើរ​ម្នីម្នា​មក​កន្តើយ ថា​វា​ស្លាប់​ទៅ​ហើយ កាល​ណា​នឹង​រស់​ឡើង​វិញ ។ ដើរ​មក​ធ្វើ​ព្រងើយ ភ្លេច​បាយ​ហើយ​ពុំ​នឹក​មិញ ពុំ​ត្រឡប់​វិល​វិញ ទៅ​យក​បាយ​មក​ស៊ី​ឡើយ ។ គាត់​ដើរ​ចិត្ត​នឹក​គិត ក្នុង​គំនិត​គាត់​ជា​ត្រើយ ពុំ​បាន​នឹក​បាយ​ឡើយ ចេះ​តែ​គិត​ក្នុង​ឥន្ទ្រិយ ។ កាល​ពី​ដើម​មក​នៃ អញ​នឹក​ភ័យ​តែ​ពី​ស៊ី ឥឡូវ​គ្មាន​គ្នា​គ្នី មក​តាម​ស៊ី​បំផ្លាញ​ឡើយ ។ ពុំ​ដឹង​ខ្លួន​នឹង​ស្លាប់ ពៀរ​សម្លាប់​គេ​នោះ​ហើយ គេ​ពុំ​ស្លាប់​សោះ​ឡើយ ពៀរ​នោះ​ហើយ​ស្លាប់​ខ្លួន​ឯង ។ ដើរ​មក​រក​លំនៅ វង្វេង​ផ្លូវ​ដាច់​សង្វែង អត់​បាយ​ស្វិត​ពោះ​ធេង ប្រាំ​ពីរ​ថ្ងៃ​ក្ស័យ​ជន្មា ។ នឹង​ថ្លែង​ហក់​ទៅ​វិញ ឯ​ចៅ​សាញ់​នៅ​កំព្រា ងើប​រួច​ឡើង​ម្នីម្នា រក​បិតា​ពុំ​ឃើញ​ឡើយ ។ ប្រឹង​ស្រែក​ដង្ហោយ​ហៅ ថា​ឱ​ឪ! ទៅ​ណា​ហើយ អញ្ជើញ​មក​ឪ​អើយ ! មក​បរិភោគ​អាហារ​ហោង ។ ស្រែក​ហៅ​ពុំ​ឮ​ឆ្លើយ ទុក្ខ​ពុំ​ស្បើយ​ឱរា​រង ទើប​វិល​មក​វឹង​ផ្គង យក​អាហារ​បរិភោក្ដា ។ រួច​ហើយ​ទើប​ក្រោក​ដើរ ទៅ​មក​ឈើ​លី​លើ​ស្មា ទំហំ​បី​ឱប​ណា៎ លី​លើ​ស្មា​ហើយ​ដើរ​ទៅ ។ រេ​រក​ផ្លូវ​ទៀត​ណា៎ ឯក​អង្គា​ម្នាក់​ឯង​កូវ ឥត​គ្នា​ជា​ពីរ​នៅ គ្រាន់​ដើរ​ទៅ​រក​មណ្ឌល ។ រី​ផ្លូវ​ដែល​ដើរ​មក ឥឡូវ​រក​ក៏​ពុំ​យល់ ចេះ​តែ​ដើរ​វិល​វល់ អំពល់​ក្នុង​ព្រៃ​ព្រឹក្សា ។

ទ​មណ្ឌោកគតិ

ចៅ​សាញ់​ដើរ​ទៅ រក​ទី​លំនៅ​អាត្មា ពុំ​ឃើញ​ឡើយ​ណា៎ វង្វេង​ក្នុង​ព្រៃ​វក់វី ។ នឹង​ថ្លែង​តទៅ ឯ​ម្ដាយ​និត្យ​នៅ​ផ្ទះ​ខ្មី ចាំ​មើល​ផ្លូវ​ប្ដី ពុំ​ឃើញ​បាត់​ទាល់​ល្ងាច​ណា៎ ។ ចេះ​តែ​ទន្ទឹង សញ្ជប់​សញ្ជឹង​ខ្លោច​ផ្សា ព្រួយ​ក្នុង​ចិន្ដា ពុំ​បាន​និទ្រា​តិច​ឡើយ ។ ឮ​មាន់​រងា ស្មាន​ថា​ប្ដី​ហៅ​គិត​ឆ្លើយ បើក​ទ្វារ​ឡើង​ហើយ រក​មើល​ពុំ​ឃើញ​ឡើយ​ណា៎ ។ ស្ដាប់​ជាក់​ជា​មាន់ ក្នុង​ចិត្ត​ក្នាញ់​គ្នាន់​សោះ​សា ថា! ឱ​អនិច្ចា អ្នក​ជា​ស្វាមី​ខ្ញុំ​នេះ ។ ក្ស័យ​ឬ​យ៉ាង​ណា បាន​ជា​អ្នក​បាត់​ដល់​ម្ល៉េះ ថ្ងៃ​មិញ​យប់​នេះ ក៏​ពុំ​ទាន់​ឃើញ​មុខ​មាត់ ។ មើល​ផ្លូវ​បាត់​ហើយ នាង​នៅ​ព្រងើយ​ស្ងៀម​ស្ងាត់ ហេតុ​ត្បិត​ប្ដី​បាត់ ស្ងៀម​ស្ងាត់​រក​ស៊ី​ទៅ​ណា ។ នេះ​នឹង​ថ្លា​ថ្លែង និទាន​ចាយ​ចែង​ចរចា ទៅ​ចៅ​សាញ់​ណា៎ ឯ​ការ​ដើរ​តែ​ក្នុង​ព្រៃ ។ ចេះ​តែ​ដើរ​ទៅ ពុំ​ដែល​ដឹង​ផ្លូវ​ហើយ​នៃ ដើរ​ត្រាច់​ក្នុង​ព្រៃ រក​ផ្ទះ​ពុំ​ឃើញ​ឡើយ​ណា៎ ។ ឃើញ​តែ​ពួក​សត្វ ក្នុង​ចិត្ត​ស្ងប់​ស្ងាត់​សោះ​សា ថា​ឱ​អនិច្ចា! អញ​អើយ​កំព្រា​ម្នាក់​ឯង ។ ឱ! សត្វ​ទាំង​ឡាយ នៅ​សុខ​សប្បាយ​ឥត​ក្រែង អញ​អើយ​តែ​ឯង ហៅ​មហា​ចំបែង​ពុំ​ស្បើយ ។ មិន​ដូច​សត្វ​ផង ច្រើន​ក្រៃ​កន្លង​ជា​ត្រើយ មូល​នឹង​គ្នា​ហើយ ដើរ​ទៅ​ឯណា​ច្រើន​ក្រៃ ។អញ​ដើរ​តែ​ឯង គិត​គ្រប់​ស្ញប់​ស្ញែង​ណាស់​ខ្មី ក្រែង​សត្វ​អ្វីៗ វា​មក​យា​យី​ពាធា ។ រីឯ​ដើម​ឈើ ដែល​អញ​លី​លើ​ស្មា​ណា៎ បង្ការ​ទុក​ជា ដើរ​តែ​ក្នុង​ព្រៃ​ឯក​អង្គ ។ នេះ​នឹង​ស្រដី ទៅ​ឯ​បុរី​រាជ​រុង មួយ​នាម​ឧត្តុង្គ នគរ​ព្រះ​បាទ​ព្រហ្មទត្ត ។ ព្រះ​អង្គ​សោយ​រាជ្យ មែន​មាន​អំណាច​ពេក​ក្ដាត់ គ្រង​អស់​រាស្ត្រ​រដ្ឋ នៅ​ក្នុង​នគរ​ភូមិ​ស្រុក ។ 


Phan Sopheaktra

391 Blog posts

Comments